
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ទទួលអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ពីព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត
ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការសាលាខេត្ត បានអញ្ជើញទទួលស្វាគមន៍ និងទទួលយកអំណោយមនុស្សធម៌ ដែលបាននាំយកមកប្រគល់ជូនដោយផ្ទាល់ពី ព្រះញាណរង្សី ឈិន ហន សមាជិកថេរៈសភាពគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តមណ្ឌលគិរី ព្រមទាំងមន្ត្រីសង្ឃគ្រប់ឋានុក្រម។ អំណោយមនុស្សធម៌ដែលបានប្រគល់ជូនរដ្ឋបាលខេត្តមណ្ឌលគិរីនាឱកាសនោះ រួមមាន៖ អង្ករចំនួន ០១តោន មីកញ្ចប់៖ ចំនួន ៦០កេស ភេសជ្ជៈចំនួន ២៥កេស ទឹកសុទ្ធ៖ ចំនួន ៣៥កេស និង៣៥យួរ ថវិកាចំនួន ៣លានរៀល។ ការផ្ដល់ជូននូវសម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកានេះ គឺដើម្បីជួយដល់រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំចាត់ចែងក្នុងសកម្មភាពការងារមនុស្សធម៌ ក្នុងការយកទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយ ឬគ្រោះផ្សេងៗនៅក្នុងមូលដ្ឋានខេត្តមណ្ឌលគិរីឱ្យបានទាន់ពេលវេលា៕











