
កម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងជំនួបពិភាក្សានៅខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសមជាមួយ លោក Krishnajie Partadireja កុងស៊ុលនៃស្ថានទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានជម្រាបជូនអំពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដែលមានរចនាសម្ព័ន្ធរដ្ឋបាលចែកជា ៦ក្រុង-ស្រុក ២៩ឃុំ-សង្កាត់ និង ១១១ភូមិ មានប្រជាពលរដ្ឋប្រមាណ ៣១ម៉ឺននាក់ ជាមួយទំហំ GDP ខេត្ត ១៣២លានដុល្លារ និង GDP សម្រាប់មនុស្សម្នាក់ជាង ៤,២០០ដុល្លារ។ ខេត្តសម្បូរទៅដោយធនធានធម្មជាតិ និងមានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ដែលត្រូវបានប្រសិទ្ធនាមថាជាតារារះ "នាទិសនិរតី" និងជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើសកលលោកកាលពីឆ្នាំ២០១១។







