
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចុះយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាល់ប៊ែត រយៈពេល២ថ្ងៃ ដើម្បីបង្ការជំងឺគ្រុនឈាម និងគ្រុនឈីក
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្តព្រះសីហនុ បានចាត់ឱ្យ លោក សែជូ សិទ្ធិជោតិ លេខាធិការគណៈកម្មាធិការសាខា ដឹកនាំមន្រ្តីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តចំនួន ៥៥នាក់ (ស្រី ១០នាក់) និងអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាល់ប៊ែត នៅក្នុងក្រុងព្រះសីហនុ។ យុទ្ធនាការនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមិថុនា) ដោយគ្របដណ្តប់លើគ្រប់ភូមិ ក្នុងសង្កាត់ទាំង៤ នៃក្រុងព្រះសីហនុ ក្នុងគោលបំណងការពារ និងបង្ការជំងឺគ្រុនឈាម ព្រមទាំងជំងឺគ្រុនឈីក (Chikungunya) ដែលឆ្លងតាមរយៈមូសខ្លាញីខាំ។







