
ឯកឧត្តម ស្វាយ ស៊ីថា ៖ ការវិវត្តយ៉ាងឆាប់រហ័សនៃព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ទាមទារឱ្យមន្ត្រីព័ត៌មាននិងសាធារណមតិ ត្រូវតែពង្រឹងសមត្ថភាព ក្នុងការឆ្លើយតប
នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានធ្វើជាអធិបតីបើក និងដឹកនាំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅក្នុងខេត្តព្រះសីហនុ ដោយមានវត្តមានចូលរួមពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ មន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់នៅក្នុងខេត្តព្រះសីហនុ រួមនឹងក្រុមការងារព័ត៌មាននិងសាធារណមតិមកពីខេត្តកោះកុង ជាពិសេសគឺក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងកោះកុង ដែលមានសរុបចំនួនជាង ៥០០នាក់។







