
កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥ គ.ម ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ចំណាយថវិកាជាង ១១៧លានដុល្លារអាមេរិក បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ សម្រាប់ខេត្តកំពង់ចាម គឺពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «កំណាត់ផ្លូវជាតិលេខ៧» ប្រវែង ៤៥,៤៨ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក ជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនពីន (H.E.Mr WANG WENBIN) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងនៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ។











