
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ មន្ទីរព័ត៌មានរាជធានី -ខេត្ត ត្រូវមានទំនាក់ទំនងល្អ ជាមួយអ្នកសារព័ត៌មាន ក្នុងមូលដ្ឋាន ដើម្បីក្លាយជាបង្អែកដ៏រឹងមាំ ក្នុងការផ្តល់ព័ត៌មានពិត ប្រកបដោយទំនុកចិត្ត
នៅក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី ការងារព័ត៌មាន និងសាធារណមតិ ជូនដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន នារសៀលថ្ងៃ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មានខេត្តប៉ៃលិន ត្រូវពង្រឹងកិច្ចសហការ និងមានទំនាក់ទំនងល្អជាមួយអ្នកសារព័ត៌មាន និងអង្គភាពពាក់ព័ន្ធ ក្នុងមូលដ្ឋានខ្លួន ដើម្បីក្លាយជាបង្អែកដ៏រឹងមាំ ក្នុងការផ្តល់ព័ត៌មានពិត និងប្រកបដោយទំនុកចិត្ត លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន ដោយគុណភាពវិជ្ជាជីវៈ ជាពិសេសពាក់ព័ន្ធកិច្ចការសន្តិសុខជាតិ។ ឯកឧត្តម អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍លើកឡើងថា កិច្ចសហការ គួរធ្វើឡើងជាប្រចាំ និងតាមគ្រប់លទ្ធភាព ដើម្បីគាំទ្រដល់តម្រូវការសារព័ត៌មាន ជួយសម្រួលដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មាន អាចចុះយកព័ត៌មាន និងការផ្តល់ព័ត៌មានទាន់ពេល និងគ្រប់ជ្រុងជ្រោយ នឹងជួយអ្នកសារព័ត៌មាន ពីការផ្សាយខុសឆ្គង ដែលអាចនាំឱ្យមានប្រតិកម្ម ឬបញ្ហាផ្លូវច្បាប់។











