
ពន្លកភាសាបារាំងនៅដែនដីត្បូងពេជ្រប៉ៃលិន៖ សកម្មភាពបង្រៀន និងរៀននៅអនុវិទ្យាល័យភ្នំយ៉ាត ខេត្តប៉ៃលិន
ក្រៅពីការយកចិត្តទុកដាក់លើកម្មវិធីសិក្សាចំណេះទូទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ការបណ្តុះបណ្តាលផ្នែកភាសាបរទេសជូនដល់យុវជនជំនាន់ក្រោយ គឺជាស្ពានចម្លងដ៏សំខាន់មួយក្នុងការបើកទ្វារឆ្ពោះទៅរកពិភពលោកខាងក្រៅ។ នៅលើដែនដីត្បូងពេជ្រ នៃខេត្តប៉ៃលិន អនុវិទ្យាល័យភ្នំយ៉ាត ដែលមានទីតាំងស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បាននិងកំពុងប្រែក្លាយខ្លួនជាថ្នាលបណ្តុះបណ្តាលពហុភាសា ដោយបានបញ្ចូល និងជំរុញការបង្រៀនភាសាបារាំង និងភាសាអង់គ្លេសយ៉ាងសកម្ម។











